ផែនទីសម្រាប់វិនិយោគិន ពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ដើម្បីជួយពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព

ឧបករណ៍ថ្មីសម្រាប់ប្រមូលនិងវិភាគទិន្នន័យទីផ្សារ បានកំណត់វិស័យចំនួន ១៥ ជាឱកាសវិនិយោគសម្រាប់តម្រង់ទិសវិស័យឯកជន ដើម្បីផ្ដោតការយកចិត្តទុកដាក់លើវិស័យជាអាទិភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការពង្រីកជម្រើសហិរញ្ញប្បទាន

31 August 2022
Monileak Ean/UNDP Cambodia

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ – ផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលជាឧបករណ៍ប្រមូលនិងវិភាគទិន្នន័យទីផ្សារ (market intelligence) បានកំណត់នូវវិស័យមួយចំនួនជាឱកាសវិនិយោគ ដែលមានសក្ដានុពលទីផ្សារ និងស្របតាមតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងស្របតាមអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូអ៊ិនឌីភីប្រចាំកម្ពុជា ក្រោមការគាំទ្រដោយមជ្ឈមណ្ឌលសម្រាប់ការអនុវត្តន៍ និងការវិនិយោគប្រកបដោយឥទ្ធិពល (CIIP) នៃមូលនិធី Temasek Trust។ 

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ មានការព្យាករណ៍ថាថវិកាសម្រាប់គាំទ្រការអភិវឌ្ឍនេះនឹងកើនឡើងដល់ចំនួន ២៣.៤ ពាន់លានដុល្លារអាមេរិក ឬត្រូវនឹង ៦៩.៨% នៃ ផសស ដែល កំណើននេះសម្រេចបាន ជាចម្បងតាមរយៈការប្រមូលធនធានក្នុងស្រុក តាមរយៈការវិនិយោគផ្ទាល់ពីបរទេស (FDI) និងតាមរយៈប្រាក់ផ្ញើត្រឡប់ពីបរទេស (UNDP, 2021)។ ដូចនេះហើយ ផែនទីសម្រាប់វិនិយោគិនរបស់កម្ពុជាត្រូវបានបង្កើតឡើងដើម្បីកត់ត្រានូវឱកាសវិនិយោគនៅក្នុងវិស័យអាទិភាព ដែលមានសក្តានុពលទាំងផ្នែកអភិវឌ្ឍន៍ និងប្រាក់ចំនេញ។ផែនទីនេះ បានភ្ជាប់ជាមួយនឹងផែនទីសម្រាប់វិនិយោគិនរបស់ប្រទេសចំនួន២២ ផ្សេងទៀត ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍សហប្រជាជាតិ នៅលើថ្នាលបច្ចេកវិទ្យា SDG Investor Platform ហើយបានចង្អុលចំៗទៅលើវិស័យចំនួន ១៥ ជាកាលានុវត្តភាពវិនិយោគ  (IOAs) ដោយគ្របដណ្ដប់លើគំរូអាជីវកម្មនានា នៅក្នុងវិស័យអាទិភាពចំនួនប្រាំមួយដែលគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព មានដូចជា ៖ កសិកម្ម និងឧស្សាហកម្មពាក់ព័ន្ធ សេវាកម្មហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលករកើតឡើងវិញ ការអប់រំ និងការថែទាំសុខភាព។ ផែនទីនេះក៏បានកំណត់នូវ «តំបន់ស» ចំនួន១០ ផងដែរ ដែលមានសក្ដានុពលសម្រាប់ការរីកចម្រើន និងដែលស្របតាមតម្រូវការអភិវឌ្ឍន៍ ប៉ុន្តែបែរជាមានការចូលរួមមានកម្រិតពីសំណាក់វិស័យឯកជន ឬតម្រូវឱ្យមានវិសាលភាពគាំទ្រពីគោលនយោបាយបន្ថែមទៀត។ 

ឯកឧត្តម រស់ សីលវ៉ា ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា «យើងខ្ញុំមានគោលដៅច្បាស់លាស់នៅក្នុងការជម្រុញសេដ្ឋកិច្ចឆ្ពោះទៅរកការសម្រេចបាននូវឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅដំណាច់ឆ្នាំ២០៣០ និងឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅដំណាច់ឆ្នាំ២០៥០។ វិស័យឯកជនមានតួនាទីដ៏ធំធេងនិងសំខាន់ណាស់នៅក្នុងដំណើរផ្លូវនេះ។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងក៏ត្រូវមានចីរភាពផងដែរ នេះហើយគឺជាមូលហេតុដែលយើងខ្ញុំសប្បាយរីករាយចិត្តណាស់ ដែលបានធ្វើការជាមួយនឹងយូអិនឌីភី នៅក្នុងការរៀបចំផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជានេះ។ ផែនទីនេះមិនត្រឹមតែបង្ហាញអំពីវិស័យនានាដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សាអំពីបណ្ដាវិធានការកម្រិតគោលនយោបាយផងដែរ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូហ្ស៊ី ដែលមានភាពទាក់ទាញសម្រាប់វិនិយោគិនឯកជនមកទីនេះ។»

លោកស្រី Alissar Chaker ជាអ្នកតំណាងរបស់ យូអ៊ិនឌីភីប្រចាំកម្ពុជា បានបន្ថែមថា «យុទ្ធសាស្ត្រអាជីវកម្មដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺមានភាពខ្លាំងណាស់ នៅទូទាំងពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី ទីដែលមានទឹកប្រាក់ជាង៤០ ភាគរយនៃទឹកប្រាក់ចំនួន១២ លានលានដុល្លារ ត្រូវបានគេប៉ាន់ស្មានថានឹងត្រូវវិនិយោគនៅក្នុងតំបន់នេះ ទៅលើឱកាសអាជីវកម្មទាំងនោះ។ យើងខ្ញុំរំភើបចិត្តណាស់ដោយមើលឃើញថាផែនទីសម្រាប់វិនិយោគិនកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាចជួយអ្នកវិនិយោគិន ដើម្បីទាញចំណេញពីឱកាសវិនេះ។ ឧបករណ៍ប្រមូលនិងវិភាគទិន្នន័យទីផ្សារ ដែលបង្កើតឡើងដោយផែនទីនេះបានផ្ដល់ផលប្រយោជន៍ដល់វិនិយោគិនវិស័យឯកជន ដែលសម្លឹងមើលលើការវិនិយោគណាប្រកបដោយចីរភាព និងដោយមានទំនុកចិត្តថាវិស័យដែលបានកំណត់ទាំងនោះ ឆ្លើយតបទៅនឹងអាទិភាពអភិវឌ្ឍន៍របស់រដ្ឋាភិបាល។»

លោកស្រី Dawn Chan ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល CIIP បានមានយោបល់ថា «មជ្ឈមណ្ឌល CIIP មានសេចក្ដីសោមនស្សរីករាយណាស់នៅក្នុងការគាំទ្រការរៀបចំបង្កើត និងសម្ពោធដាក់ឱ្យប្រើប្រាស់ផែនទីសម្រាប់វិនិយោគិនកម្ពុជាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រកបដោយចរីភាព។ ការងារនេះផ្ដល់ឱ្យតួអង្គទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈនូវទិន្នន័យដ៏សំខាន់ ដែលចាំបាច់ត្រូវមានដើម្បីរៀបចំនូវវិធីសាស្ត្រផ្អែកលើភស្តុតាង ក្នុងបំណងតម្រង់ទិសដៅដើមទុនទៅនឹងវិស័យដែលមានកាលានុវត្តភាពល្អបំផុត និងមានតម្រូវការនៅក្នុងប្រទេស។ មជ្ឈមណ្ឌល CIIP ត្រូវបានបង្កើតឡើងដោយមូលនិធិ Temasek Trustដោយមានជំនឿថាការវិនិយោគប្រកបដោយឥទ្ធិពលអាចជួយជំរុញដ៏មានប្រសិទ្ធភាពឱ្យមានចីរភាព។ ដោយធ្វើការរួមគ្នាជាមួយនឹងដៃគូររបស់យើងខ្ញុំនៅក្នុងយូអិនឌីភី និងដោយធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំសង្ឃឹមទុកថានឹងកសាងបាននូវគ្រឹះដ៏សំខាន់ ដូចដែលផែនទីបានកំណត់ ដើម្បីបង្កើតនូវឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍ នៅក្នុងការជម្រុញការវិនិយោគប្រកបដោយចីរភាពនៅកម្ពុជា។»

លោកស្រី Fabienne Michaux ជានាយកនៃគំនិតផ្ដួចផ្ដើម SDG Impact របស់យូអិនឌីភី បានកត់សម្គាល់ថា «យើងខ្ញុំសប្បាយចិត្តណាស់ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវផែនទីសម្រាប់វិនិយោគិនមួយផ្សេងទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងពេលនេះ សម្រាប់ប្រទេសកម្ពុជា ដោយមានការគាំទ្រពីសំណាក់ដៃគូយុថ្កា (ដៃគូរួមសុខរួមទុក្ខ) រយៈពេលវែង សម្រាប់តំបន់ ASEAN ។ កម្ពុជាបានបោះជំហ៊ានយ៉ាងវែងប្រកបដោយអត្ថន័យ នៅក្នុងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីប្រជាជន និងបរិស្ថានរបស់ប្រទេស។ យើងខ្ញុំសូមសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងប្រទេសឈានទៅមុខប្រកបដោយនិរន្តរភាព និងក្នុងការយកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាបេះដូងនៃការអភិវឌ្ឍន៍ តាមរយៈការប្រើប្រាស់ឧបករណ៍ប្រមូលនិងវិភាគទិន្នន័យទីផ្សារ  ដែលកំណត់ដោយផែនទីនេះ។»

បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ផែនទីសម្រាប់វិនិយោគិន ពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នោះយូអិនឌីភី ប្រចាំកម្ពុជា និងដៃគូររបស់ខ្លួន នឹងរៀបចំនូវពិធីជួបជុំមួយចំនួនដើម្បីនាំយកវិនិយោគិនប្រកបដោយសក្ដានុពល ក្រុមហ៊ុនវិនិយោគ និងអ្នករៀបចំគោលនយោបាយ មកជួបជុំគ្នា។ ពិធីនេះនឹងដើរតួនាទីជាកាលានុវត្តភាពសម្រាប់ភាគីពាក់ព័ន្ធនានា ដើម្បីធ្វើសហប្រតិបត្តិការជាមួយគ្នា និងដើម្បីសម្រេចឱ្យបានដំណោះស្រាយវិនិយោគទៅលើវិស័យអាទិភាពនានារបស់ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព ដូចដែលបានកំណត់នៅក្នុងផែនទី ។  

យូអិនឌីភី (UNDP) សូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការធ្វើជាចលករហិរញ្ញវត្ថុចម្រុះ ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការរៀបចំឱ្យមានក្របខ័ណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិ។ យូអិនឌីភីក៏គាំទ្រផងដែរចំពោះការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងស្ដារប្រទេសឡើងវិញពីជំងឺកូវីដ-១៩ ដែលមានដូចជាគំនិតផ្ដួចផ្ដើមនានា ដែលដំណើរការដើម្បីនាំមកនូវកំណើនប្រកបដោយបរិយាប័ន្ននិងចីរភាព នាំមកនូវការគាំពារសង្គម នាំមកនូវសមភាព នាំមកនូវយេនឌ័រ និងនាំមកនូវការទទួលបានផលទាំងអស់គ្នា៕

 

ចប់

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង លោក អឹម សំរួល ប្រធានផ្នែកទំនាក់ទំនង នៃយូអិនឌីភី ប្រចាំកម្ពុជា តាមរយៈអ៊ីមែល samruol.im@undp.org

SDG Impact គឺជាគំនិតផ្តួចផ្ដើមដ៏សំខាន់បំផុតរបស់យូអិនឌីភី ធ្វើប្រតិបត្តិការដើម្បីពន្លឿនការរួមចំណែករបស់       វិស័យឯកជន នៅក្នុងដំណើរឆ្ពោះទៅការរកការសម្រេចបាននូវនិរន្តរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ   ចីរភាព (SDGs) នៅត្រឹមដំណាច់ឆ្នាំ ២០៣០។ គោលបំណងនៃគំនិតផ្ដួចផ្ដើមនេះគឺបង្កឱ្យមានលក្ខណៈងាយស្រួលដល់ក្រុមហ៊ុន/ស្ថាប័ននានា ក្នុងការកំណត់យក និរន្តរភាព គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគ្រប់គ្រងដើម្បីឱ្យមានឥទ្ធិពលផ្លាស់ប្ដូរ ជាចំណុចស្នូលនៃអាជីវកម្មរបស់ខ្លួន និងនៅក្នុងគោលបំណងនៃការ     វិនិយោគរបស់ក្រុមហ៊ុន តើតម្លៃត្រូវបានបង្កើតឡើងដោយរបៀបណា និងថាតើដើមទុនត្រូវបែងចែកដោយរបៀបណា តាមរយៈស្តង់ដារដែលមានចែងនៅក្នុងគំនិតផ្ដួចផ្ដើម SDG Impact និងតាមរយៈផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Investor Maps) នោះ។ សម្រាប់ការស្វែងយល់បន្ថែម សូមចូលទៅកាន់ sdgimpact.undp.org និងភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @SDGImpact

យូអិនឌីភី (UNDP) គឺជាកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដែលនាំមុខគេ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ដោយសារភាពក្រីក្រ វិសមភាព និងការប្រែប្រួលអាកាសធាតុ។ តាមរយៈការធ្វើការងារជាមួយនឹងបណ្ដាញអ្នកជំនាញការ និងដៃគូមកពីជាង ១៧០ ប្រទេស នោះយើងខ្ញុំធ្វើការជួយដល់បណ្ដាប្រទេសនានា នៅក្នុងការស្វែងរកដំណោះស្រាយរួមគ្នានិងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជននិងភពផែនដី។ សម្រាប់ការស្វែងយល់បន្ថែម សូមចូលទៅកាន់ undp.org/cambodia ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @UNDPCambodia។     


Read the speech by UNDP's Resident Representative here | Read Cambodia SDG Investor Map report here