សេចក្តីប្រកាសព័ត៌មានរួម៖ កិច្ចសន្ទនាគោលនយោបាយ៖ ”ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង”

11 November 2024
a group of people posing for a photo

ភ្នំពេញ ថ្ងៃទី១១ ​ខែវិច្ឆិកា ឆ្នាំ២០២៤ - ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) របស់កម្ពុជា ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) បានរៀបចំកិច្ចសន្ទនាគោលនយោបាយក្រោមប្រធានបទ ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង។ កិច្ចសន្ទនាគោលនយោបាយនេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល អ្នកជំនាញផ្នែកអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងសង្គមស៊ីវិល​ដើម្បីពិភាក្សាពីទស្សនៈពហុភាគីនូវផលប៉ះពាល់សង្គម-សេដ្ឋកិច្ច នៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងតម្រូវការចម្បងសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង។​

ក្នុងអំឡុងពេលកម្មវិធី ក្រសួងផែនការ និងយូអិនឌីភីក៏បានដាក់ផ្សព្វផ្សាយឯកសារគោលនយោបាយសង្ខេប ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ការត្រៀមខ្លួន និងសក្តានុពលនៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។​ ឯកសារគោលនយោបាយសង្ខេបវាយតម្លៃពីសក្តានុពលនៃការបាត់បង់ការគាំទ្ររបស់អន្តរជាតិ ដូចជាទិដ្ឋភាពទាក់ទងនឹងការលើកលែងចំពោះកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទាន ក្នុងចំណោមការអនុគ្រោះផ្សេងទៀត។ ការបាត់បង់នេះអាចមានផលប៉ះពាល់ទៅដល់វិស័យសុភាពសាធារ: ការនាំចេញពាណិជ្ជកម្មសំខាន់ៗ (ដូចជា   សម្លៀកបំពាក់ អង្ករ និងកង់ ជាដើម) និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម។ ឯកសារគោលនយោបាយសង្ខេប បង្ហាញថា អត្រា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (ប.ស.ស.) អាចថយសន្ទុះពី ០,៥% ទៅ ១,៥% ជាមួយនឹងការបាត់បង់ការងារប្រមាណជា ១៦៥.០០០ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។ ជាលទ្ធផល ប្រជាជនចំនួន ៤៣២.០០០ នាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវមិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន។

“ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាសមិទ្ធិផលដ៍សំខាន់នៃដំណើរអភិវឌ្ឍប្រទេសរបស់កម្ពុជា ដែលវាមិនត្រឹមតែនាំមកនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវឱកាសផងដែរ។ អន្តរកាលនេះក៍នឹងបើកផ្លូវថ្មីសម្រាប់កំណើនដ៏រឹងមាំនិងភាពធន់ផងដែរ”​ នេះជាការលើកឡើងរបស់ អ្នកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងយូអិនឌីភីប្រចាំប្រទេសកម្ពុជា។​ “ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាកិច្ចខិតខំប្រឹងប្រែងរួមដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។ យូអិនឌីភីប្តេជ្ញាចិត្តរួមដំណើរជាមួយនឹងប្រទេសកម្ភុជាក្នុងអំឡុងពេលអន្តរកាលរបស់ខ្លួន តាមរយៈការគាំទ្រការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែងនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតងសម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទានទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់យូអិនឌីភី (២០២៤-២០២៨)។”

ឯកឧត្តម​ ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា “ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថាន ក្រសួងផែនការ ដែលជាសេនាធិការនិងជាលេខាធិការដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកក្នុងការសម្របសម្រួលនិងរៀបចំការចាកចេញរបស់កម្ពុជាពីពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់​ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy) សម្រាប់អនុវត្តអំឡុងពេលក្រោយការចាកចេញ។ យុទ្ធសាស្ត្រអន្តរកាលដោយរលូន ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៦ គឺ៖ ១) ការពង្រឹង និងពង្រីកមូលធនមនុស្ស, ២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ៣) ការពង្រីកទីផ្សារពាណិជ្ជកម្ម, ៤) ការទាក់ទាញការវិនិយោគបរទេស, ៥) ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និង ៦) ការពង្រឹងយន្តការគាំពារសង្គម។

យូអិនឌីភី មានមោទនភាពយ៉ាងខ្លាំងក្នុងការគាំទ្រក្រសួងផែនការ ដែលដឹកនាំការឆ្លុះបញ្ចាំង និងការសម្របសម្រួលលើការរៀបចំអន្តរកាលដោយរលូន និងប្រកបដោយចីរភាពក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយនឹងធ្វើការជាមួយនឹងដៃគូជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍនិងអនុវត្តយុទ្ធសាស្ត្រអន្តរកាលដោយរលូនប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។

អំពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC)៖

ក្រុមប្រទេសអភិវឌ្ឍតិចតួច ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៧១ បច្ចុប្បន្ន មានប្រទេសចំនួន ៤៥​ ដែលក្នុងនោះប្រទេសខ្លះត្រូវបានកំណត់ថានឹងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចក្នុងពេលឆាប់ៗនេះ។ ការចាកចេញនេះពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ចំណុច៖ ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់​ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ចនិងបរិស្ថាន។ កម្ពុជាត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមប្រទេសអភិវឌ្ឍតិចតួចក្នុងឆ្នាំ១៩៩១​ និងបានទទួលអត្ថប្រយោជន៍ពីវិធានគាំទ្រអន្តរជាតិ (ISMs) ក្នុងវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងបច្ចេកទេស និងការចូលនៅក្នុងវេទិកាអន្តរជាតិ។ ចាប់តាំងពីពេលនោះមក កម្ពុជាមានការវិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងគួរឱ្យកត់សំគាល់ រួមមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការរក្សាបាននូវអតិផរណាកម្រិតមធ្យម ការកាត់បន្ថយភាពក្រីក្រ និងការរីកចម្រើននៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI)។

ប្រទេសកម្ពុជា បានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យដំបូងសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២១ ហើយបានបំពេញម្តងទៀតលើលក្ខណៈវិនិច្ឆ័យទាំង៣ក្នុងអំឡុងពេលការត្រួតពិនិត្យរយៈពេល៣ នៅឆ្នាំ២០២៤។ ផ្អែកលើវឌ្ឍនភាពនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) បានអនុម័តលើអនុសាសន៍របស់គណៈ  កម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) សម្រាប់ប្រទេសកម្ពុជា ដើម្បីចាកចេញពីពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ដោយមានរយៈពេល​អន្តរកាលចំនួនប្រាំឆ្នាំ។

 

---

ចប់

សម្រាប់ការសាកសួរសារព័ត៌មាន សូមទាក់ទងទៅកញ្ញា អាត់ ឈុនមួយ​​​  មន្ត្រីទំនាក់ទំនងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិតាមរយ: communications.kh@undp.org

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិគឹជាបណ្តាញអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិក្នុងការតស៊ូមតិសម្រាប់ការផ្លាស់ប្តូរ និងការផ្សារភ្ជាប់រវាងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិលទៅនឹងចំណេះដឹង បទពិសោធន៍ និងធនធានដើម្បីបញ្ចប់ភាពអយុត្តិធម៌នៃភាពក្រីក្រ និងវិសមភាព ពន្លឿនកំណើនប្រកបដោយបរិយាប័ន្ន ពង្រឹងអភិបាលកិច្ចល្អនិងសន្តិភាព និងលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ និងភាពធន់នឹងអាកាសធាតុ។ តាមរយៈការ​បំពេញ​ការងារ​ក្នុង ១៧០ ប្រទេស​  យើងជួយប្រទេសនានាក្នុងការអនុវត្តដំណោះស្រាយរបស់ពួកគេសម្រាប់ការពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។ ស្វែងយល់បន្ថែមនៅ https://www.undp.org/cambodia ​ឬ តាមរយ:បណ្តាញសង្គម @UNDPCambodia។