
ចាប់តាំងពីខែមករា ឆ្នាំ២០១១ UNDP កម្ពុជាបាន និងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍សហគមន៍ និងការគ្រប់គ្រងចំណេះដឹងសម្រាប់គំនិតផ្តួចផ្តើម Satoyama (COMDEKS) ដំណាក់កាលទី១ ជាកម្មវិធីសំខាន់នៃគំនិតផ្តួចផ្តើម Satoyama ដែលជាកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាពនៅក្នុងតំបន់ទេសភាពជាមួយសហគមន៍មូលដ្ឋាន។ យើងបានផ្តល់ជំនួយជាថវិកាដល់គម្រោងចំនួន ៥ ដែលមានទីតាំងនៅខាងក្នុងតំបន់ទេសភាពទីជម្រាលស្ទឹងសៀមរាបនៃខេត្តសៀមរាប ក្រោមកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោក ដោយសហការជាមួយក្រសួងបរិស្ថាននៃប្រទេសជប៉ុន លេខាធិការដ្ឋានCBD និង UNU-IAS។ ទស្សនៈវិស័យនៃយុទ្ធសាស្ត្ររបស់កម្មវិធី COMDEKS ដំណាក់កាលទី៤ គឺដើម្បី "ថែរក្សា និងស្តារឡើងវិញនូវផលិតកម្មសង្គម-អេកូឡូស៊ីដែលមានមុខងារច្រើន ដើម្បីអភិរក្សជីវៈចម្រុះ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងនៃតំបន់ទេសភាព និងស្ថាប័ន"។
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា មានកិត្តិយសសូមអញ្ជើញអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអង្គការសហគមន៍ទាំងឡាយដែលកំពុងធ្វើការទាក់ទងនឹងការគ្រប់គ្រងតំបន់ទេសភាពប្រកបដោយចីរភាព ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងបណ្តាភូមិ ឃុំ ស្រុក ខេត្តនានា ដែលស្ថិតនៅក្នុងតំបន់ទីជម្រាលស្ទឹងសៀមរាប ក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដាក់ពាក្យសុំមូលនិធិពីកម្មវិធីជំនួយខ្នាតតូចខាងលើនេះ។
កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិរហូតដល់ ៥០,០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិកសម្រាប់គម្រោងនីមួយៗដោយឈរលើគោលការណ៍ប្រកួតប្រជែង ។
កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិចំនួន ៥០% នៃតម្លៃសរុបរបស់គម្រោង។ ចំណែកចំនួន ៥០% ទៀតនឹងត្រូវផ្តល់ឲ្យដោយអង្គការទទួលមូលនិធិ ឬបានពីការចូលរួមវិភាគទានពីសហគមន៍ អាជ្ញាធរដែនដី និងបានពីភ្នាក់ងារផ្តល់ជំនួយផ្យេងៗ ទោះបីក្នុងទម្រង់ជាទឹកប្រាក់ក្តី ជារបស់របរ និងជាសេវាកម្មនានាក្តី។
សូមទាញយឯកសារខាងក្រោម៖
សូមផ្ញើគម្រោងសំណើរសង្ខេបរបស់អ្នកជាភាសាខ្មែរប៉ុណ្ណោះ ក្នុងស្រោមសំបុត្របិទជិតមកកាន់ការិយាល័យកម្មវិធីជំនួយខ្នាតតូចរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា នៅភ្នំពេញសិនធ័រ ជាន់ទី៦ អគារអេ កែងផ្លូវសុធារស និងមហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទៅលោកស្រី ងិន ណាវីរៈ មន្ត្រីជាតិសម្របសម្រួលកម្មវិធី UNDP GEF SGP។ ចំពោះព័ត៌មានលំអិត សូមទាក់ទង មន្ត្រីជាតិសម្របសម្រួលកម្មវិធី UNDP GEF SGP តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែល ngin.navirak@undp.org ឬតាមទូរស័ព្ទលេខ ០១២ ៨៤៤ ០៨៣ ឬលោកស្រី គឹម សុជ្ជតា ជំនួយការកម្មវិធី GEF SGP តាមរយៈសារអេឡិចត្រូនិច/អ៊ីម៉ែល socheata.kim@undp.org ឬតាមទូរស័ព្ទលេខ ០១២ ៧១៤ ៧០៦។
សូមជម្រាបជូនថា ការិយាល័យកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោក នឹងធ្វើការទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែមទៅកាន់អង្គការដែលបានជាប់វគ្គជំរុះតែប៉ុណ្ណោះ។
កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៥