text

     ស្របពេលដែលនាវាកម្ពុជា កំពុងសម្លឹងឆ្ពោះទៅកាន់ត្រើយសន្តិភាព និងចីរភាព ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ កំណើនសេដ្ឋកិច្ច ដែលប្រកបដោយនិរន្តរភាព គឺជាគ្រាប់ពេជ្យដ៏មានតម្លៃក្នុងការអភិវឌ្ឍ ទឹកដីសុវណ្ណភូមិមួយនេះ។ គោលដៅទី ៨ នៃការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន មានមុខរបរពេញលេញ និងផលិតភាព និងមានការងារសមរម្យ សម្រាប់ប្រជាជនគ្រប់រូប។ សំណេរមួយនេះ នឹងដើរជាទឡីករណ៍ជំនួយ ក្នុងការស្វែងយល់អំពី វឌ្ឍនភាពសេដ្ឋកិច្ច យុទ្ធសាស្ត្រ និងទំនាក់ទំនងដ៏សំខាន់រវាងកំណើនសេដ្ឋកិច្ច និងគោលដៅ SDGs ដទៃទៀត។

     កម្ពុជាមានចក្ខុវិស័យសេដ្ឋកិច្ចមួយ ដែលជំរុញឱ្យមានការផ្តល់ឱកាស សម្រាប់ប្រជាពលរដ្ឋទាំងអស់ ក្នុងការចូលរួម ក៏ដូចជាឱកាសក្នុងការទទួលបានអត្ថប្រយោជន៍ត្រឡប់មកពីភាពរីកចម្រើនរបស់ប្រទេសជាតិ វិញផងដែរ។ ជាមួយគ្នានេះដែរ ស្នូលគន្លឹះនៃចក្ខុវិស័យនេះផ្ទាល់ គឺផ្តោតទៅកាន់សេដ្ឋកិច្ចចម្រុះ ដែលផ្តល់អាទិភាពដល់ការអនុវត្ត ដែលប្រកបដោយនិរន្តរភាព ការប្រើប្រាស់ ឬ ច្នៃប្រឌិតបច្ចេកវិទ្យា និងការជំរុញគាំទ្រ ទៅកាន់សហគ្រាសធុនតូច និង មធ្យម (SMEs) ជាដើម។ គួរឲ្យកត់សម្គាល់ផងដែរថា ការអភិវឌ្ឍវិស័យសំខាន់ៗដូចជា កសិកម្ម ផលិតកម្ម និងទេសចរណ៍ ក៏ជាបុព្វហេតុ ដែលពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្ពោះទៅកាន់គោលដៅ SDGs ផងដែរ ។

     ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ កម្ពុជាគួរណាតែប្រើប្រាស់ វិធីសាស្ត្រសេដ្ឋកិច្ចពហុភាគី។ វិធីសាស្ត្រមួយនេះ មានមុខងារក្នុងការជំរុញសហគ្រិនភាព និងផ្តល់នូវហិរញ្ញវត្ថុដើមទុន សម្រាប់ការចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលនឹងជំរុញការបង្កើតផលិតកម្ម និងឱកាសការងារ ផងដែរ។ ម៉្យាងវិញទៀត រាជរដ្ឋាភិបាល ក៏អាចសហការជាមួយគ្រឹះស្ថានឯកជន ដើម្បីបង្កើតបរិយាកាសទីផ្សារ ដែលជំរុញឱ្យមានសកម្មភាពអាហរ័ណ និហរ័ណ ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ ពីវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក។

     លើសពីនេះ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព កម្ពុជាគួរបន្តការវិនិយោគ ទៅលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាបណ្តាញដឹកជញ្ជូន និងការតភ្ជាប់ឌីជីថល ឱ្យកាន់តែទូលំទូលាយ ថែមទៀតផង។ ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនេះ នឹងផ្តល់ជាឱកាសទៅដល់សហគមន៍ជនបទ ក្នុងការចូលរួមដំណើរការសេដ្ឋកិច្ចទំនើប ដែលកំពុងអភិវឌ្ឍនេះផងដែរ។ ចំណុចសំខាន់មួយទៀត ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច គឺផ្តោតលើ ការងារសមរម្យ សម្រាប់ប្រជាជនគ្រប់រូប។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារសិទ្ធិកម្មករ និងលើកកម្ពស់ប្រាក់ឈ្នួល ដែលសមស្របទៅនឹងផលិតភាព របស់កម្មករគ្រប់រូប។ ទន្ទឹមនឹងនេះដែរ ស្ថាប័ននានា គួរតែពង្រីកឱកាសក្នុងការបណ្តុះបណ្តាលជំនាញ និងការអប់រំវិជ្ជាជីវៈទៅដល់និយោជិត ជាពិសេសយុវជន ដើម្បីបង្កើនឱកាសទទួលបានការងារសមរម្យ និងស្របតាមតម្រូវការទីផ្សារ។

     បន្ថែមពីនេះ ការលើកកម្ពស់ និងផ្តល់សិទ្ធស្មើគ្នារវាង បុរស ស្ត្រី និង បុគ្គលគ្រប់លក្ខណៈ នឹងមិនត្រឹមតែ លើកកម្ពស់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញ ឱ្យមានសង្គមការងារមួយ ដែលមានសមភាពយេនឌ័រ និងមិនមានការរើសអើង ផងដែរ។  

     អ្វីដែលសំខាន់ទៀតនោះ គោលដៅទី ៨ ក៏ជាស្ពានដែលផ្សារភ្ជាប់ទៅនឹង គោលដៅ SDGs ផ្សេងទៀតផងដែរ ជាពិសេសគោលដៅទី ៤ អំពី ការអប់រំប្រកបដោយគុណភាព។ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែរីកចម្រើន ការវិនិយោគលើវិស័យអប់រំកាន់តែមានសារៈសំខាន់។ ការអប់រំប្រកបដោយគុណភាពនឹងផ្តល់ឱ្យយុវជន នូវជំនាញ និងចំណេះដឹង ដែលជាតម្រូវការដើម្បីចូលរួមក្នុងទីផ្សារការងារ ដូចជាបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាដើម។ តាមរយៈ ការបណ្តុះកម្លាំងពលកម្មជំនាញ ឧស្សាហកម្ម និងផលិតកម្មកម្ពុជា នឹងក្លាយជាភ្នាក់ងារ ជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយនិរន្តរភាព ក្នុងរយៈពេលវែងជាអវសាន។

     ការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សហភាព និងនិរន្តរភាព នៅតែជាអាទិភាពចម្បង ចំពោះចក្ខុវិស័យសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ របស់ប្រទេសកម្ពុជា។ តាមរយៈការប្រកាន់យកគោលដៅទី៨ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងការអនុវត្តប្រកបដោយយុទ្ធសាស្ត្រ កម្ពុជា មិនត្រឹមតែអាចបង្កើតប្រព័ន្ធសេដ្ឋកិច្ច ដ៏រីកចម្រើនមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រព័ន្ធសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ត្រឡប់ជូន ប្រជាពលរដ្ឋ ទាំងអស់របស់ខ្លួន។ ប្រព័ន្ធនេះ ឆ្លុះបញ្ចាំងឱ្យឃើញពី ភាពចាំបាច់ ក្នុងការកំណត់អាទិភាពលើការងារសមរម្យ និង ការរួមបញ្ចូល ដោយធានាថាបុគ្គលគ្រប់រូប ទទួលបានសិទ្ធ និងការគ្រប់គ្រងដោយសមស្រប។

     ការទទួលស្គាល់ទំនាក់ទំនងអន្តរកម្មនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេសការរួមផ្សំគ្នារវាងកំណើនសេដ្ឋកិច្ច និងការអប់រំប្រកបដោយគុណភាព នឹងជួយឱ្យកម្ពុជាសម្រេចបានការអភិវឌ្ឍន៍ តាមទៅនឹងចក្ខុវិស័យ។ គួរជាទីមោទនណាស់ ការវិនិយោគលើវិស័យសេដ្ឋកិច្ច និងអប់រំ ដូចនឹងបានចែងខាងលើ នឹងជួយកម្ពុជា ឱ្យទទួលបានកម្លាំងពលកម្មជំនាញ ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

a man holding a sign posing for the camera

រង្វាន់របស់ នុតខុន រ៉ាយុត្តិ ត្រូវបានឪពុកមកទទួលជំនួយ។


ឯកសារយោង៖ 

១. United Nations Sustainable Development Goals: https://sdgs.un.org/

២. Asian Development Bank (ADB) - Cambodia Country Page: https://www.adb.org/countries/cambodia/main