យន្តការឆ្លើយតបដល់ភាគីពាក់ព័ន្ធ

យន្តការគណនេយ្យភាពរបស់យូអិនឌីភី(UNDP) ផ្តល់នូវវេទិកាសម្រាប់ភាគីពាក់ព័ន្ធដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់សង្គម និងបរិស្ថាននៃគម្រោងដែលគាំទ្រដោយយូអិនឌីភី ដើម្បីធ្វើការរាយការណ៍អំពីភាពមិនប្រក្រតីដែលអាចកើតមាន និងលើកឡើងនូវការតវ៉ា តាមរយៈយន្តការឆ្លើយតបដល់ភាគីពាក់ព័ន្ធ(SRM)។ SRM ត្រូវបានរចនាឡើង ដោយធានាឱ្យបាននូវភាពងាយស្រួលក្នុងការប្រើប្រាស់ ការឆ្លើយតបនឹងសមភាពយេនឌ័រ ការឆ្លើយតបនឹងវប្បធម៌នានា និងបរិយាប័ន្ន។ 

យន្តការឆ្លើយតបដល់ភាគីពាក់ព័ន្ធ (SRM) របស់ យូអិនឌីភីកម្ពុជា គឺជាយន្តការបន្ថែមមួយសម្រាប់ដោះស្រាយកង្វល់ និងការតវ៉ានានា ពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីគម្រោងដែលគាំទ្រដោយ យូអិនឌីភី។ យន្តការនេះបំពេញបន្ថែមលើយន្តការទំនាក់ទំនងដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធនៅកម្រិតគម្រោង ដែលតាមរយៈយន្តការនោះ ភាគីពាក់ព័ន្ធគេអាចលើកឡើងនូវការតវ៉ាអំពីផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីសកម្មភាពរបស់គម្រោង ទៅកាន់ថ្នាក់ដឹកនាំគម្រោង។

ភាគីពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់យន្តការដែលមានស្រាប់នៅកម្រិតគម្រោងជាមុនសិន ដើម្បីលើកពីការតវ៉ារបស់ពួកគេ ប៉ុន្តែភាគីពាក់ព័ន្ធ  ក៏អាចប្រើប្រាស់យន្តការ SRM របស់ យូអិនឌីភី កម្ពុជាបានដែរ ទោះបីជាមិនបានប្រើប្រាស់យន្តការមានស្រាប់នៅកម្រិតគម្រោងជាមុនក៏ដោយ។ ការខកខានមិនបានប្រើប្រាស់យន្តការ ដែលមានស្រាប់របស់គម្រោង មិនធ្វើឱ្យការតវ៉ាណាមួយត្រូវបានបដិសេធនោះទេ។

ការតវ៉ាត្រូវបំពេញតាមលក្ខខណ្ឌទាំង ៣ ខាងក្រោម៖ 

  1. ការតវ៉ានោះត្រូវពាក់ព័ន្ធទៅនឹងគម្រោង ឬកម្មវិធីដែលគាំទ្រដោយ យូអិនឌីភី។ ការតវ៉ាគួរតែផ្តល់នូវព័ត៌មានជាក់លាក់តាមដែលអាចធ្វើទៅបាន ដោយពិពណ៌នាអំពីផលប៉ះពាល់អវិជ្ជមានបច្ចុប្បន្ន ឬដែលអាចកើតមាន ដោយមានបញ្ជាក់អំពីទំនាក់ទំនង ទៅនឹងគម្រោង ឬកម្មវិធីដែលគាំទ្រដោយ យូអិនឌីភី។
  2. ការតវ៉ាត្រូវមានបញ្ជាក់អំពីបញ្ហាដែលទាក់ទងនឹងការអនុលោមតាមការប្តេជ្ញាចិត្ត នឹងលក្ខខណ្ឌទាមទាផ្នែកសង្គម និងបរិស្ថានរបស់ យូអិនឌីភី។ ព័ត៌មានពិស្តារ អាចស្វែងរកតាមរយៈគេហទំពរ័ UNDP social and environmental standards/commitments(link is external)
  3. ការតវ៉ាត្រូវឆ្លុះបញ្ចាំងអោយឃើញថា ដោយសារតែការមិនអនុលោមតាមការប្តេជ្ញាចិត្ត នឹងលក្ខខណ្ឌទាមទាផ្នែកសង្គម និងបរិស្ថានរបស់ យូអិនឌីភី  តើភាគីអ្នកតវ៉ា អាចនឹងទទួលរង ឬបានទទួលរងគ្រោះដូចម្តេចខ្លះ។

ក្នុងករណីដែលមានកិច្ចខិតខំប្រឹងប្រែងពីមុនមក ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើង សូមផ្តល់ព័ត៌មាននោះផង។ ការតវ៉ាដែលត្រូវបានចាត់ទុកថាជាការក្លែងបន្លំ ឬនៅក្រៅវិសាលភាពការងាររបស់ យូអិនឌីភី ដូចជា ការតវ៉ាដែលមិនទាក់ទងដោយផ្ទាល់ទៅនឹងគម្រោង កម្មវិធី របាយការណ៍ ឬព្រឹត្តិការណ៍ដែលរៀបចំឡើងដោយ យូអិនឌីភី  នឹងមិនត្រូវបានយកមកពិចារណាទេ។ ការតវ៉ាដដែលៗដែលមិនពេញលេញ មិនឆ្លើយតបទៅនឹងលក្ខខណ្ឌតំរូវទាំងបីខាងលើ ដែលខ្វះព័ត៌មានថ្មីបន្ថែម ឬការផ្លាស់ប្តូរសំខាន់ៗ នឹងមិនត្រូវបានយកមកពិចារណាទេ ។

ការតវ៉ាអាចផ្ញើតាមរយៈមធ្យោបាយណាមួយដូចខាងក្រោម ជាភាសាអង់គ្លេស ឬភាសាខ្មែរ៖

  • ដោយបំពេញ ទម្រង់បែបបទសម្រាប់ការតវ៉ា៖ https://forms.office.com/e/QKvzWPjwsr
  • ដោយទូរស័ព្ទមកលេខ៖ +855 23 216 167/ 214 371
  • ដោយទំនាក់ទំនងតាមអាសយ័ដ្ឋានអ៊ីមែលនេះ ៖ complaints.kh@undp.org
  • ដោយថតសំឡេងរបស់អ្នកហើយផ្ញើមកអាសយ័ដ្ឋានអ៊ីមែលនេះ ៖ complaints.kh@undp.org

ក្រោយពេលទទួលបានការតវ៉ា អ្នកនឹងត្រូវបានទំនាក់ទំនងត្រឡប់ទៅវិញក្នុងរយៈពេលមួយសប្តាហ៍។
ភាគីពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យលើកការតវ៉ា តាមរយៈ SRM នៅកម្រិតការិយាល័យប្រចាំប្រទេស ប៉ុន្តែភាគីពាក់ព័ន្ធក៏អាចធ្វើការតវ៉ា របស់ពួកគេដោយផ្ទាល់តាមរយៈយន្តការឆ្លើយតបទៅភាគីពាក់ព័ន្ធនៅទីស្នាក់ការកណ្តាលរបស់ យូអិនឌីភី នៅទីក្រុងញូវយ៉ក។ ព័ត៌មានលម្អិតអាចរកបាននៅ តាមរយៈគេហទំពរ័នេះ Stakeholder Response Mechanism | United Nations Development Programme (undp.org)